ក្រោយពីបានទទួលពានរង្វានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ខេត្តកំពតនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្អាតបរិស្ថានអនាម័យ ពិសេសការទុកដាក់សំរាម និងការប្រមូលសំរាមនៅក្នុងទីក្រុង។ បើតាមស្មារតីនៃកិច្ចប្រជុំជំរុញការអនុវត្តបញ្ហាទុកដាក់ និងគ្រប់គ្រងសំរាមក្រុងកំពត រដ្ឋបាលខេត្ត ក្រុង សង្កាត់ និងមន្ទីរជំនាញបានប្តេជ្ញាធ្វើឲ្យបរិស្ថានអនាម័យក្រុងកំពតស្រស់ស្អាតគ្រប់រដូវ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពតបានដឹកនាំកិច្ចប្រជុំមួយដើម្បីជំរុញការអនុវត្តបញ្ហាការគ្រប់គ្រងប្រមូលទុកដាក់សំរាម និងការសំអាតអនាម័យបរិស្ថានក្រុងកំពតឲ្យបានកាន់តែប្រសើរ។ កិច្ចប្រជុំនោះមានការចូលរួម មតិយោបល់ ពិភាក្សាពីអាជ្ញាក្រុង សង្កាត់ និងមន្ត្រីជំនាញ និងក្រុមហ៊ុនប្រមូលសំរាម លើបញ្ហាប្រឈមនានា ដើម្បីរកវិធានការគន្លឹះ ក្នុងការដោះស្រាយលើការងារគ្រប់គ្រងប្រមូលទុកដាក់សំរាម ក៏ដូចបញ្ហាការសំអាតអានាម័យបរិស្ថានក្រុងកំពត ឱ្យកាន់តែមានភាពទាក់ទាញ ទេសចរណ៍ និងធានាបាននូវសុខមាលភាពសាធារណៈ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា បញ្ហាប្រមូល និងទុកដាក់សំរាម ក៏ដូចបញ្ហាសំអាតអនាម័យបរិស្ថានក្រុង គឺជាបញ្ហាមួយដែលអាជ្ញាធរគ្រប់ថ្នាក់ក្នុងមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធត្រូវតែមានការប្ដេជ្ញាចិត្តរួមសហការគ្នាជាប្រចាំក្នុងការពង្រឹង និងជំរុញការអនុវត្តអោយបានព្រមគ្នា។
ឯកឧត្តមអភិបាលខេត្ដក៏បានបន្តថា រយៈពេលកន្លងទៅបញ្ហាសំរាមនៅក្នុងក្រុងកំពត ក៏ដូចជាឃុំមួយចំនួននៃស្រុកទឹកឈូដែលជាប់ក្រុងកំពត មានការយកចិត្តទុកដាក់បានល្អ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពរដ្ឋ ប៉ុន្តែ យើងទាំងអស់គ្នា ត្រូវរួមគ្នាធ្វើបន្តទៀតឲ្យកាន់តែល្អប្រសើរដើម្បីធានានូវនិរន្តភាព ក្រុងបៃតង ក្រុងគ្មានការបំពុលបរិស្ថាន ។
តាមភាពជាក់ស្តែង ប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីថ្ងៃបុណ្យសមុទ្រចុងឆ្នាំ២០១៩មក បញ្ហាប្រមូលទុកដាក់សំរាមនៅមានកម្រិត ។ បញ្ហាសំរាម និងបញ្ហាសំអាតអនាម័យបរិស្ថានតាមដងផ្លូវសួនសាធារណៈនៃក្រុងកំពត និងតាមដងផ្លូវមួយចំនួននៅជុំវិញក្រុងកំពត ហាក់បីដូចជាធ្លាក់ចុះនៅមិនទាន់បានឆ្លើយតបប្រកបដោយចីរភាពទេ ទាមទារឱ្យយើងរួមសហការគ្នាបន្តពង្រឹងយកចិត្តទុកដាក់ឲ្យបានកាន់តែខ្លាំងក្លាល្អប្រសើរថែមទៀត។ បើតាមការលើកឡើងរបស់ប្រធានមន្ទីរបរិស្ថាន លោក ស៊ុយ ធា បានឲ្យដឹងថាជាមធ្យមក្នុងមួយថ្ងៃ ក្រុងកំពតប្រមូលសំរាមប្រមាណ៦១តោន៕
អត្ថបទៈ លោក សាយ យាវ