ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការប្រកួតអស់រយៈពេល មួយសប្តាហ៍ គឺចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាព ឯកឧត្តមអ៊ឹង ឆាយអភិបាលរងខេត្ត តំណាងឯកឧត្តមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តនិងមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។ដំណើរការប្រកួតរៀបចំឡើងដោយ មន្ទីរអប់រំយុវជននិងកីឡាខេត្ត តាមលក្ខណៈបច្ចេកទេស ស្វិតស្វាញ ឈរលើស្មារតីអធ្យាស្រ័យ សាមគ្គីភាពមិត្តភាព ប្រកាន់ខ្ជាប់ខ្ជួនគោលការណ៍បញ្ញត្តិ បទបញ្ជាបច្ចេកទេសក្នុងការប្រកួត។
លោកតាក ហាប់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឲ្យដឹងថាការប្រកួត ក្នុងរយៈពេលមួយសប្តាហ៍នេះ មានកីឡាករ កីឡាការិនី ក្នុងខេត្ត ចូលរួមប្រកួត លើវិញ្ញាសាមានចំនួន៨ ។ ក្នុងនោះមានវិញ្ញាសា បាល់ទាត់ ,បាល់បោះ(បុរស) និងបាល់បោះ(នារី), វិញ្ញាសាប៉េតង់(បុរស) និងប៉េតង់ (នារី) និងវិញ្ញាសាអត្តពលកម្ម បុរស-នារី សរុបកីឡាករចូលរួមមានចំនួន ៤៤៧នាក់ ក្នុងនោះមានស្រីចំនួន ១១៦នាក់។
ជាលទ្ធផល ការប្រកួតវិញ្ញាសាប៉េតង់បីនាក់ទល់បីនាក់(នារី) ចំណាត់ថ្នាក់លេខ១បានទៅលើក្លឹប មានជ័យ លេខ២ ក្លឹបអនុវិទ្យាល័យស្រែជា លេខ ៣ ក្លឹបអនុវិទ្យាល័យត្រសេកកោង វិញ្ញាសាប៉េតង់១នាក់ទល់១នាក់(នារី) លេខ១ បានលើកីឡាការិនី ទីវ ស្រីនិច ក្លឹបមានជ័យ លេខ ២កីឡាការិនី មេន ច័ន្ទកាន្និកា ក្លឹបអនុវិទ្យាល័យស្រែជា លេខ៣ កីឡាការិនី ឈាន់ សុគន្ធារី ក្លឹបវិទ្យាល័យត្រសេកកោង វិញ្ញាសាប៉េតង់៣នាក់ទល់ ៣នាក់(បុរស) លេខ១បានលើក្លិបយុវជនស្រលាញ់សន្តិភាព លេខ២ ក្លឹបកំពតមានជ័យ លេខ៣ក្លឹបម្លប់ក្ងោក វិញាសាបាល់បោះ(នារី)លេខ១ ស្រុកជុំគិរី លេខ២ ស្រុកទឹកឈូ លេខ ៣ស្រុកបន្ទាយមាស បាល់បោះ(បុរស )លេខ១ក្រុមកីឡាករ (ស.ស.យ.ក)ក្រុងកំពតលេខ២ស្រុកទឹកឈូ និងលេខ៣ ក្រុងកំពត រីឯវិញ្ញាសាបាល់ទាត់បុរស ចំណាត់ថ្នាក់លេខ១បានលើក្រុម កីឡាករ(ស.ស.យ.ក)ស្រុកទឹកឈូ លេខ ២ក្រុមកីឡាករបុរីរ៉ាត់ និងលេខ ៣ ក្រុមក្លិបរាជសីហ៍។
មានប្រសាសន៍ក្នុងឱកាសបិទការប្រកួត ឯកឧត្តមអ៊ឹង ឆាយអភិបាលរងខេត្ត បានលើកបញ្ជាក់ថា វិស័យអប់រំកាយនិងកីឡាមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានសម្បទាមាំមួន មានប្រាជ្ញាភ្លឺថ្លា និងមានសីលធម៌ល្អ កីឡាបានក្លាយជាសេវាសុខភាព មានតម្លៃដូចសេវាសុខាភិបាលសាធារណៈដែរ ។ ពិសេសសម្រាប់ក្មួយៗ ប្អូនប្អូនជាសិស្ស និស្សិតដែលអនុវត្តកីឡាជាប្រចាំ អាចចៀសផុតពីអំពើអបាយមុខផ្សេងៗ ក៏ដូចជាការប្រើអំពើហិង្សា ការសេពគ្រឿងញៀនជាដើម ព្រោះកីឡានាំមកឲ្យមានវិន័យ សេចក្ដីថ្លៃថ្នូរ និងកិត្តិយស ។
ដូចនេះដើម្បីឆ្លើយតបទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាការកំណែទម្រង់១៥ចំណុចរបស់ក្រសួងអប់រំយុវជន និងកីឡា។ សម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល តែងតែបានយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្តជានិច្ចចំពោះវិស័យកីឡាជាតិ ក៏ដូចជាការផ្ដល់ប្រាក់រង្វាន់ជ័យលាភីដល់កីឡាករ ពិសេសការគាំទ្រលើកំណែទម្រង់ ការអប់រំកាយនិងកីឡា ដើម្បីត្រៀមខ្លួនចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម អ៊ឹង ឆាយ ក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រតិភូនិងកីឡាករកីឡាការិនីទាំង ដែលបានរៀបចំការប្រកួតនិងចូលរួមប្រកួតមានការ គោរពគោលការណ៍បច្ចេកទេស នៃការប្រកួតបានល្អត្រឹមត្រូវ មានស្មារតីស្រឡាញ់កីឡាពិតប្រាកដ ដោយទទួលបានលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួនមិនគិតតែពីការឈ្នះចាញ់ឡើយ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់កីឡាករកីឡាការិនីដែលជាសិស្សនិស្សិត ជាប់ជ័យលាភីពេលនេះត្រូវបន្តហ្វឹកហាត់ឲ្យបានខ្លាំងក្លាថែមទៀតដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាសិស្សថ្នាក់ជាតិនៅរាជធានីភ្នំពេញក្នុងការដណ្ដើមនូវកិត្យានុភាពជូនខេត្ត។
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត