អភិបាលខេត្ត​កំពត​ស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឱ្យ​រួមគ្នា​ការពារ​អភិរក្ស​សហគមន៍​នេសាទ​

​អភិបាលខេត្ត​កំពត​បា​ន​លើកឡើងថា សហគមន៍​នេសាទ គឺជា​ធនធានធម្មជាតិ​មួយ​មិនអាច​កាត់ថ្លៃ​បាន​។ វា​ជា​អណ្តូងទឹក ជា​ថ្នាល​ស្រែ និង​ជា​ឆ្នាំងបាយ​សម្រាប់​ប្រជា​នេសាទ​។ ដូច្នេះ​អាជ្ញាធរ មន្ត្រី​ជ​នា​ញ​ពាក់ព័ន្ធ ត្រូវ​រួមសហការ​ជាមួយ​បងប្អូន​ប្រជា​នេសាទ ចូលរួម​ការពារ​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​បន្ត​ដល់​ក្មេងជំនាន់ក្រោយ​។

​មានប្រសាសន៍​ដូចនេះ​នៅក្នុង​ពិ​ធិ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​គ្រួសារ​ប្រជា​នេសាទ​ចំនួន​១.១៥៤​នាក់ មកពី សហគមន៍​នេសាទ​ត្រពាំង​សង្កែ និង​សហគមន៍​នេសាទ​កំពង់​សាមគ្គី ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​ខេត្តកំពត កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​លើកឡើងថា ខេត្តកំពត​មាន​ធនធានធម្មជាតិ​សមុទ្រ​ល្អ​ណាស់ ពិសេស​មាន​ឆ្នេរ និង​ព្រែក ឬ​ដៃសមុទ្រ​ច្រើន ហ៊ុម​ព័​ទ​ទៅដោយ​ព្រៃកោងកាង​ដែលជា​ជម្រក​ជីវៈចំរុះ​ដ៏​ស្រស់ស្អាត​។

ខេត្តកំពត​មាន​តំបន់​សហគមន៍​នេសាទ ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​សមុទ្រ ដល់​ទៅ ៧​កន្លែង​។ សហគមន៍​នេសាទ​ទាំងនោះ​មានតម្លៃ​ណាស់ វា​ជា​អណ្តូងទឹក វា​ស្រែ ជា​ឆ្នាំងបាយ និង​ជា​ជង្រុក​នៃ​ភោគផល​នេសាទ ដែល​ទាមទា​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ថែរក្សា​ការពារ​ឱ្យបាន​យូរអង្វែង។

​ក្នុងឱកាស​នោះ​ឯកឧត្តម ម៉ៅ ធនិន ក៏បាន​ផ្តាំផ្ញើ​ដល់​សមត្ថកិច្ច មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​ចិត្ត​ទុក​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជា​នេសាទ ហើយ​មិនត្រូវ​ឱ្យមាន​ការយក​ប្រាក់ ជាប្រចាំ​ថ្ងៃ ប្រចាំខែ​នោះទេ ហើយក៏​កុំឱ្យ​មាន​ប័ណ្ណ​ស ប័ណ្ណ​ផ្កាឈូក​អ្វី​នោះដែរ​។

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ថា សហគមន៍​នេសាទ​ទាំងនេះ បច្ចុប្បន្ន​នឹង​ទៅ​អនាគត​គឺ​នឹងត្រូវ​រៀបចំ​ឱ្យ​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ដើម្បី​ទាក់ទាញ​ទេសចរណ៍​មក​កម្សាន្ត​ខេត្តកំពត​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត ក្នុង​គោលបំណង់​រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​បងប្អូន​ប្រជា​សហគមន៍​នៅក្នុង​ខេត្តកំពត​៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត