អភិបាលខេត្តកំពតជួបប្រជុំ​ជាមួយ​ប្រតិភូ​ក្រសួងមហាផ្ទៃ​ ពិភាក្សា​បញ្ហា​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន​ និង​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​

នៅ​សាលា​ខេត្តកំពតកាលពី​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ មាន​បើក​កិច្ចប្រជុំ​មួយ​រវាង​ឯកឧត្ដម​ ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត រួម​និង​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ព្រមទាំង​មន្ត្រី​ពាក់​ពន្ធ​នៃ​មន្ទីរ អង្គភាព មួយចំនួន​ក្នុង​ខេត្ត ជាមួយ​ប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន ពាក់ព័ន្ធ​បញ្ហា​ការងារ​ពង្រឹង​​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​តាម​បន្ទាត់​ព្រំដែន ក៏​ដូច​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកំពត​។

​កិច្ចប្រជុំបន្ទាប់ពី​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​អង្គភាព​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អង្គភាព​នគរបាល​ការពារ​ព្រំដែន​រាយការណ៍​ជូន​អំពី​ភូមិសាស្ត្រ​និង​សភាពការណ៍​រួម​ទូទៅ​ក្នុង​ខេត្ត​ និង​សមិទ្ធផល​រីកចម្រើន​និង លទ្ធផល​ការងារ​សម្រេចបាន​ពាក់ព័ន្ធ​ការងារ​អភិវឌ្ឍ ការងារការពារ​ថែរក្សា​សន្តិសុខ​សណ្ដាប់​សាធារណៈ​សង្គម​ព្រមទាំង​ការងារ​បង្កា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ក្នុង​ខេត្ត​និង​​បញ្ហា​ប្រឈម​បញ្ហា​សំណូមពរ​ជូន​ប្រតិភូ​រួចមក​។

ឯកឧត្ដមនាយ​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​គូសបញ្ជាក់ថា​៖ ប្រតិភូ​ក្រសួងមហាផ្ទៃ ដែល​បាន​អញ្ជើញ​ចុះមក​បំពេញបេសកកម្ម​ពេលនេះ​គឺជា​គោលការណ៍​ចាំបាច់ និង​បន្ទាន់​របស់​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​វិធានការណ៍ លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ប្រសិទ្ធភាព​ការងារ​ត្រូវអនុវត្ត​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ហ្មត់ចត់ តាម​គោលការណ៍​ច្បាប់ មិន​ធូររលុង និង​​មិន​បណ្ដែតបណ្ដោយ​តាម​ទំលាប់​ចាស់ គ្រប់​ប៉ុស្តិ៍​ត្រូវ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន ប៉ុស្តិ៍​ការពារ​នៅតាម​បណ្ដា​កងវរសេនាតូច​នគ​របាល​ការពារ​ព្រំដែន ត្រូវធ្វើ​ការអភិវឌ្ឍ​ខ្លួន​អោយទាន់​សភាពការណ៍​ក្នុង​ដំណាក់កាល​ថ្មី ពង្រឹងពង្រីក​សមត្ថភាព​សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ប្រកបដោយ​ក្ដី​សុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ដើម្បី​រួមចំណែក​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការកសាង​ព្រំដែន​ជា​មួយ​ប្រទេសជិតខាង​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​។

​ឯកឧត្ដម សំរិទ្ធ ឌី ក៏បាន​បញ្ជាក់​អោយដឹង​ដែរ​ថា ភ្ជាប់​ជាមួយ​បេសកម្ម​នេះដែរ​ក៏បាន​ផ្ដោត​សំខាន់​ដើម្បី​សួរសុខទុក្ខ​និង​ពិនិត្យមើល​សកម្មភាព​ការងារ ព្រមទាំងក្ដាប់​សភាពការណ៍​និង​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​រស់នៅ ការត្រៀម​ប្រយុទ្ធ និង​ការហ្វឹកហ្វឺន ការលំបាក ការងាយស្រួល និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​កងក​ម្លាំ​ង​នគរបាល​ការពារ​ព្រំដែន ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ​បំរើអោយ​ការរស់នៅ​ត្រៀម​ប្រយុទ្ធ​​ផងដែរ​។

ឯកឧត្ដម​នាយ​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ឌី ក៏បាន​កោតសរសើរ​ដ​ល់​អាជ្ញាធរ និង​អង្គភាព​នគរបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​បាន​សហការ​ការពារ​ថែ​រក្សាសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អប្រសើរ​ជូន​សង្គម និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។ ជាមួយ​នោះ ឯកឧត្ដម សំរិទ្ធ ឌី ក៏បាន​ណែនាំ​បន្ថែម និង​ដាក់​នូវ​ទិសដៅ​តួនាទី​ភារកិច្ច​មួយចំនួន​ដល់​កងកម្លាំង​នគរបាល​ក៏​ដូច​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​គឺ​៖
១-​ត្រូវ​ពិនិត្យ​អំពី​សកម្មភាព​ការងារ ក្ដាប់​សភាពការណ៍​ពី​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅតាម​អង្គភាព​ជាប់​ខ្សែបន្ទាត់​ព្រំដែន សំដៅ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​។
២-​បង្ក្រាប​បទល្មើស និង​ការ​ឆ្លងដែន​អនាធិបតេយ្យ​តាមផ្លូវ​របៀង បិតផ្លូវ​របៀង​ណា​ដែល​នាំមក​អោយមាន​ភាពអនាធិបតេយ្យ​។
៣-​ដឹកនាំ​ទប់ស្កាត់ កាត់បន្ថយ​ភាព​អសកម្ម ពង្រឹង​សណ្ដាប់ធ្នាប់​នៅតាម​ច្រកទ្វារព្រំដែន​អោយមាន​ប្រសិទ្ធភាព ជៀសវាង​ការប៉ះពាល់ និង​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​។
៤-​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវខិតខំ​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន និង​ដឹកឈើ​ឆ្លងដែន​ខុសច្បាប់ ការកាប់​ទន្ទ្រានព្រៃ​យក​ដី ការ​ហ៊ុ​ព័ទ្ធ​កាន់កាប់​ដី​ព្រំដែន និង​ការសាងសង់​សំណង់​ខុសច្បាប់​តាម​បណ្ដោយ​ព្រំដែន​។
៥-​បណ្ដា​អង្គភាព មាន​សមត្ថកិច្ច នៅតាម ខ្សែបណ្ដោយ​ព្រំដែន ត្រូវ ខិតខំ ប្រមែប្រមូល ព័ត៌មាន ដែល​ទាក់ទង​ដល់​បទល្មើស​ឆ្លងដែន ដើម្បី សហការ​បង្ក្រាប​។
៦-​ពិនិត្យ​អំពី​ប៉ុស្តិ៍​អនាធិបតេយ្យ ពិសេស​ការដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ និង​ការលួចបើក​ផ្លូវ​របៀង​ព្រំដែន​ដោយ​ខុសច្បាប់ ត្រួតពិនិត្យ​ដាក់វិន័យ​តឹងរឹង ចំពោះ អ្នក ប្រព្រឹត្ត ខុស ករណី​ការប្រព្រឹត្ត​មិន​រាងចាល​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ប្រឈមមុខ​ច្បាប់​។
៧-​បំពេញការងារ​ផ្សេងៗ​ទៀត តាម​ការដឹកនាំ​បញ្ជា​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​