រដ្ឋបាល​ខេត្តកំពត​បើក​​សន្និ​បាត​​បូក​សរុប​​លទ្ធ​ផល​​ការ​ងារ​​ប្រ​ចាំ​ឆ្នាំ​​២០១៨​​និង​​លើក​​ទិស​ដៅ​​ការ​ងារ​​បន្ត​​ឆ្នាំ​​២០១៩​​រយៈ​​​ពេល​ពីរ​​ថ្ងៃ​​

នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្តកំពត​បា​ន​បើក​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​លើក​ទិសដៅ​បន្ដ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯកឧត្ដម ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ឯក​ឧត​ម អឹុង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។ សន្និបាត​បាន​បើក​ដំណើរការ មាន​រយៈពេល​ពីរ​ថ្ងៃ មាន​សមាជិក សមាជិកា​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង​កង​កម្លាំង​ប្រ​ដាប់​អាវុធ​គ្រប់លំដាប់​ថ្នាក់​ព្រម​ទាំ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ ក្នុង​ទូទាំង​ខេត្ត​សរុប​ប្រមាណ​ជាង​៦០០​នាក់​។

ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត បានធ្វើ​សន្ទរកថា​បើក​សន្និបាត ដោយបាន​សម្ដែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​​ទាំងអស់​របស់​អាជ្ញាធរ ដែនដី មន្ទីរ អង្គភាព មន្ដ្រីរាជការ និង​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ដែល​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ បាន​ខិត​ខំ​​យកចិត្តទុកដាក់​បំពេញ​ការងារ ស្របតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្របតាម​ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​នានា​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព ធ្វើអោយ​រដ្ឋបាល​ខេត្តកំពត​ធានាបាន​នូវ​ស្ថិរភាព នយោបាយ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​និង​ការអភិវឌ្ឍន៍​បាន​ល្អ​ប្រសើរ​។ ជាពិសេស​បាន​ខិតខំ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ អនុវត្ត​នូវ​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ វិសហមជ្ឈការ កម្មវិធី​ជាតិ កំណែទម្រង់រដ្ឋបាល​សាធារណៈ ព្រមទាំង​កម្មវិធី​កំណែ​ទម្រង់​នានា ដែលមាន​អភិបាលកិច្ច​ល្អជា​ស្នូល ក្នុង​គោលដៅ​ជំរុញ និង​លើកកម្ពស់ ការផ្ដល់​សេវាសាធារណៈ អោយ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជា​ដៃគូ​ដែល​អាច​ជឿទុកចិត្ត​បាន សំដៅ​បម្រើ​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​។ ក្នុងឱកាស​នោះឯកឧត្ដម​ ជាវ តា​យ អភិបាលខេត្ត ក៏បាន​ចាត់ទុក​អង្គសន្និបាត​ដែលមាន​រយៈពេល​ពីរ​ថ្ងៃនេះ គឺជា​ឱកាស​ដ៏​មាន​សារៈសំខាន់​ចំពោះ​សមាជិក​អង្គសន្និបាត​ក្នុងការ​ចូលរួម​យោបល់​ពិភាក្សា ដើម្បី​ចែករំលែក​មេរៀន បទពិសោធន៍​ល្អៗ​និង​ការលើកឡើង​នូវ​បញ្ហា​ប្រឈម​នានា សំណូមពរ និង​បាន​ផ្ដល់នូវ​គំនិត​យោបល់ កាលានុវត្តភាព ដើម្បី​រួមគ្នា​ពិនិត្យ និង​ឈានទៅរក​វិធានការណ៍​ដំណោះស្រាយ​ការលំបាក​នានា ដែល​នៅ​សេសសល់​ទាំងឡាយ ពិសេស​ធ្វើអោយ​ការងារ​របស់​អាជ្ញាធរ ដែនដី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​អនុវត្ត​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​នីមួយៗ​អោយបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អប្រសើរ​ថែមទៀត​ដើម្បី​បម្រើ​ប្រយោជន៍​សង្គម​និង​ប្រជាពលរដ្ឋ​។ ជាមួយ​ឱកាស​នៃ​អង្គសន្និបាត ឯកឧត្តម ​ជាវ តា​យ អភិបាលខេត្ត​ក៏បាន​ជូន​រង្វាន់​ជ័យលាភី​ប័ណ្ណសរសើរ​និង លិខិត​សរសើរ​ដែល​ផ្ដល់​ដោយ​ក្រសួងមហាផ្ទៃ​ជូន​ដល់​រដ្ឋបាល​ឃុំ សង្កាត់​ឃុំ​ទាំង​៩៣ និង​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​នៃ​ខេត្តកំពត ដែលមាន​ស្នាដៃ​អនុវត្ត​នូវ​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដែល​សរុប​ថវិកា​មាន​ចំនួន​៨២​លាន​៤​សែន​៥​ម៉ឺន​រៀល​៕
​រូបភាព អត្ថ​ប​ទៈ លោក សាយ យាវ​