ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែកញ្ញា ឆ្នាំ​២០២១

នៅ​ប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាល ប្រចាំខែ​កញ្ញា​ឆ្នាំ​២០២១​ក្រោម​ធិបតី​ភាព ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អង្គភាព​ចំណុះ​សាលាខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​៩​ក្នុង​ខេត្ត។​

​ប្រជុំបាន​ពិនិត្យ​ពិភាក្សា លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែកញ្ញា និង​សេចក្ដីព្រាង​របាយការណ៍​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ ២០២១ រួម​នឹង​សំណើ​និងសេចក្ដីសម្រេច នៃ​យន្តការ​មួយចំនួនទៀត ដែល​រដ្ឋបាល​ខេត្តកំពត បាន​នឹង​កំពុង​អនុវត្ត​នឹងដាក់​ទិសដៅ​អនុវត្ត​បន្ត​នៅ​ចំពោះមុខ ឲ្យ​បានសម្រេច​លទ្ធផល​ជោគជ័យ​បន្ថែមទៀត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាលខេត្ត​កំពត សម្រេចបាន​រយៈពេល​កន្លងមក ដែល​លទ្ធផល​ទាំងនេះ​ផ្ដើមចេញពី​សាមគ្គីភាព និង​ការខិតខំ​ចូលរួម​កិច្ចសហការ​ល្អ ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ក្រុង ស្រុក ដែល​តែងតែបាន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្តន៍ នូវ​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរ​ដ្ឋា​ភិ​បាល សំដៅ​ធ្វើយ៉ាងណា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍន៍ និង​បម្រើសេវា​រដ្ឋបាល សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល។

ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាលក្រុង ស្រុក​ទាំងអស់ បន្ត​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​បំពេញ​មុខងារ​តួនាទី​ភារកិច្ច តាម​ជំនាញ​និង​វិស័យ​នីមួយៗ ឲ្យ​បាន​កាន់តែ សកម្ម​ផុលផុស​ថែមទៀត​ដើម្បី ឈានទៅ​ការទទួល​លទ្ធផល​រីកចម្រើន​ល្អប្រសើរ​បន្តទៀត​។ ទន្ទឹមនឹង​នោះដែរ​ក៏ត្រូវ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​ថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ ដោយ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ។

ពិសេស​ពង្រឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល​និង​ជំរុញ​ការផ្សព្វផ្សាយ​នូវ​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ ឱ្យបាន​ល្អជា​ប្រចាំ តាម​ការណែនាំ និង​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​ហ៊ុនសែន ដើម្បី​យើង​រួមគ្នា បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នឹង​ឈានដល់​ការ​កាត់ផ្ដាច់​ការចម្លង​ចូលក្នុង​សហគមន៍​ក្នុង​ទូទាំង​ខេត្តកំពត​។​​

អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​