ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពតដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៩ នៅ​ខេត្តកំពត​

ដោយ​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ ជុំ​ទី​២​ ចុងឆ្នាំ​២០១៩ ​ដែល​ខេត្តកំពត​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​កាន់​តែមាន​រយៈពេល​ខើច​ខ្លី​មកដល់​នោះ​។ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​និង​អនុគណៈកម្មការ​ខេត្ត​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ ជុំ​ទី​២ ​ឆ្នាំ​២០១៩ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ។

កិច្ចប្រជុំ បាន​ផ្ដោតលើ​ការចូលរួម​មតិយោបល់​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​ផែនការ​លំអិត​របស់​អនុគណៈកម្មការ​នីមួយៗ​ទាំង​៦​គឺ​៖
១-​អនុគណៈកម្មការ​ពិព័រណ៍​សិល្បៈ និង​សកម្មភាព​កីឡា​ផ្សេងៗ​
២-​អនុគណៈកម្មការ​រៀប​ចំ​មហោស្រព​ម្ហូបអាហារ ភេសជ្ជៈ និង​អនាម័យ​បរិស្ថាន​
៣-​អនុគណៈកម្មការ​រៀប​ចំ​ទីតាំង​ប្រារព្ធ​ពិធី និង​ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ​
៤- អនុគណៈកម្មការ​សន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សង្គ្រោះបន្ទាន់​
៥- អនុគណៈកម្មការ​ខ្លឹមសារ ពិធីការ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា
៦- អនុគណៈកម្មការ​ផ្គត់ផ្គង់​

បន្ទាប់ពីអនុគណៈកម្មការ​ទាំង​៦ ​បាន​រាយការណ៍​បង្ហាញ​ពី​គម្រោង​ផែនការ​លំអិត​ ដែល​ត្រៀម​ក្នុង​ដំណើរការ​នៃ​ការប្រព្រឹត្ត​ក្នុង​ពិធី​បុណ្យ​​សមុទ្រនៅ​ខេត្តកំពតខាងមុខនេះ ​ក្នុង​គោលដៅ​រួមគ្នា​ដើម្បី​ធ្វើអោយ​ការ​ប្រ​ព្រឹត្ត​​មាន​ភាពរលូន​និង​ទទួលលទ្ធផល​ជោគជ័យ​។

មានប្រសាសន៍ក្នុង​កិច្ចប្រជុំឯកឧត្តម​ ជាវ តា​យ អភិបាល ខេត្ត បាន​បញ្ជាក់ថា​៖​ពិធីបុណ្យ​សមុទ្រ លើក​ទី​៨​ជុំ​ទី​២ នៅ​ចុងឆ្នាំ​២០១៩​នេះ​ដែល​ខេត្តកំពត ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ គឺ​ធ្វើយ៉ាងណា​អោយ​ការ​ប្រ​ព្រឹត្ត​ទៅ​ ​នៃ​ពិធីបុណ្យ​មួយ​នេះ​មាន​ភាព​កាន់តែ​ល្អ​និង​មានការ​គាំទ្រ​ចាប់អារម្មណ៍​ព្រមទាំង​ភាព​ទាក់ទាញ​កាន់តែ​ប្រសើរឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ប្រិយ៍មិត្ត​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ដែល​ត្រូវ​បានមក​ចូល​​រួម​កម្សាន្ត ស្របតាម​គម្រោង​ផែនការ​របស់​ថ្នាក់ជាតិ​។

ដោយពេល​វេលា​កាន់តែ​គៀក​កិត​មកដល់​ផង​នោះ​ឯកឧត្ដមអភិបាលខេត្តកំពត ក៏បានក្រើនរំលឹកណែនាំ​ដល់​គ្រប់​អនុគណៈកម្មការ​ទាំង​៦ ចាប់ពីពេលនេះ​តទៅ​ ត្រូវតែ​ជម្រុញ​លើក​គម្រោង​ផែនការ​លំអិត​របស់​អនុគណៈកម្មការ​នីមួយៗជាការ​ប្រញាប់ ហើយ​អនុគណៈកម្មការ​នីមួយៗ​ក៏ត្រូវ​បន្ត​អោយមាន​បើក​កិច្ចប្រជុំ​បន្ថែមទៀត​ដោយ​ដាក់​ផែនការ​ច្បាស់លាស់ ​ពិសេស​ពាក់ព័ន្ធ​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់ជាការ​ចាំបាច់​។

ឯកឧត្ដមអភិបាលខេត្ត ក៏បាន​ជម្រុញ​ដល់អនុគណៈកម្មការ​ទាំង​៦​គឺ ត្រូវតែ​ហ៊ាន​លើក​គម្រោង​ផែនការ​វាយតម្លៃ​អោយបាន​ត្រឹមត្រូវ ​ដើម្បីអោយ​ខេត្ត​មាន​មូលដ្ឋាន​ទំលាក់​ប្រគល់​លុយ​ជូន​សម្រាប់​យកទៅអនុវត្ត​ផ្ទាល់​​តែម្ដង ព្រោះ​យើង​មិនអាច​យកមក​គ្រប់គ្រង​អោយ​ក្រុមហ៊ុន​នេះ ឬ​ក្រុមហ៊ុន​នោះ​ដោយ​មិនមាន​ការបែងចែក​ និង​ការទទួលខុសត្រូវ​រប​ស់​អនុគណៈកម្មការ​នីមួយៗ​ដើម្បី​គ្រប់គ្រង​ផ្ទាល់​បានទេ ពោលគឺ​យើង​​​ធ្វើ​យ៉ាងម៉ិច​អោយបាន​ទាន់ ហើយ​បានល្អ​រលូន កុំ​រង់ចាំ​ពេលវេលា​គៀក​ដែលនាំអោយ​យើង​ធ្វើ​អី​មិន​ចេញ​។
​សូមបញ្ជាក់ថា​៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ដែល​ខេត្តកំពត​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ឆ្នាំ​២០១៩​នេះ គឺ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាតអោយ​ធ្វើឡើង​នៅ​ថ្ងៃទី​២០-២១-២២ ខែធ្នូ ឆ្នាំ​២០១៩៕
​អត្ថ​ប​ទៈ លោក សាយ យាវ​