នៅថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគជាអំណោយមនុស្សធម៌របស់កាកបាទក្រហកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពប្រជាពលរដ្ឋចំនួន៥នាក់ ដែលស្លាប់ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី០២ ខែវិខ្ឆិកា ឆ្នាំ២០២១។
ដោយសពចំនួន៤ ត្រូវបានយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៃព្រះពុទ្ធសាសនា (នៅក្នុងបរិវេណវត្តប្រាសាទស្រះកែវ) នៅស្រុកកំណើត ស្ថិតក្នុងភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងសព១ទៀត តម្កល់ធ្វើបុណ្យនៅគហដ្ឋាននៃសព ស្ថិតក្នុងភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
នាឱកាសនោះលោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារសព ចំពោះការបាត់បង់កូន ចៅ ឪពុក និងម្តាយជាទីស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះដែរលោកជំទាវ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមអនុវត្តន៍នូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ពិសេសវិធានសុវត្តិភាព ៣កុំ ៣ការពារ ដើម្បីការពារការកុំឱ្យឆ្លងជំងឺកូវីដ-១៩។ អំណោយផ្តល់ជូនសពនីមួយៗរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ៤កេស ទឹកផ្លែឈើ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត