ឯកឧត្ដម ជាវ តា​យ និង ឯកឧត្ដម ជឹ​ង ផល្លា​ចូលរួម​ផ្ដើមធ្វើ​បុណ្យ ក​ឋ​កឋិន​ទា​នៅ​វត្ត​ព្រះពុទ្ធ​ជយ​ម​ង្គ​លា​រាម​ហៅ​វត្ត (​វាល​ពួច​) នៅក្នុង​សង្កាត់ អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត

ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ និង​ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​-​លោកស្រី ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រួម​នឹង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បានរួម​គ្នា​ចូលរួម​ធ្វើបុណ្យ​អង្គ​កឋិនទាន​សាមគ្គី​មួយ​ដង្ហែរ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​សម្រាប់​ព្រះសង្ឃ​ទទួល​ក្រាល​គ្រង និង​ដើម្បី​ប្រមូល​បច្ច័យ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះពុទ្ធ​ជយ​ម​ង្គ​លា​រាម​ហៅ​(​វត្ត​វាល​ពួច​) ដែល​ស្ថិតនៅ​ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​

​កម្មវិធី​បុណ្យ​អង្គ​កឋិនទាន​នេះ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​សៅរ៍​៦​កើត ខែកត្តិក ពុទ្ធសករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​-​លោកស្រី​ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រួម​នឹង​ពុទ្ធបរិស័ទ បាន​អញ្ជើញ​ចូលរួម​ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​ក្រុង​ពាលី និង​បទ​នមស្សការ​ព្រះ​រតនៈត្រៃ​សមាទានសីល​និង​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​ធម្មកថិក​សំដែង​ព្រះធម៌​ទេសនា​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៣​ខែ​ឆ្នាំ​ដដែល បុណ្យ​អង្គ​កឋិនទាន​នេះ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​សហការី​ព្រមទាំង​ពុទ្ធបរិស័ទ ក៏បាន​ចូលរួម​ដង្ហែរ​ត្រៃចីវរ​ប្រទក្សិណ​៣​ជុំ​ព្រះវិហារ រួច​យកមក​តម្កល់​ក្នុង​ព្រះវិហារ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​មាតា បិតា ជីដូន ជីតា បុព្វការី​ជន​និង​វេរ​ដា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​ ​បច្ច័យ​ដែល​ប្រមូលបាន​ក្នុង​បុណ្យ​អង្គ​កឋិនទាន​នេះ​គឺមាន​ចំនួន ៤៨លាន ២១ម៉ឺន ​៩​ពាន់​ ៥​រយរៀល​។​

-​គួរ​បញ្ជាក់ថា​កឋិនទាន​គឺជា​បុណ្យ​មួយ​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ មានកំណត់​ពេលវេលា​ច្បាស់លាស់ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុង​១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក​។​

​ហើយ​ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា​គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែរ​កឋិន​ចូល​ដែរ ព្រោះ​សមណេរ​គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ យ៉ាងហោច​បំផុត​ត្រូវមាន​ភិក្ខុ​១​អង្គ​ដែរ ហើយ​ដែល​បាន​ចាំ​វស្សា​អស់​៣​ខែ​បាន​ត្រឹមត្រូវ ទើប​អាច​ហែរ​កឋិន​ចូល​បាន​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​