ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត របស់​ក្រុមហ៊ុន អាន​កូ វ៉​ធើរ​សិប​ផ្លា​យ នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​

ខេត្ត​កំ​ពតៈ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ បានធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត របស់​ក្រុមហ៊ុន អាន​កូ វ៉​ធើរ​សិប​ផ្លា​យ នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ​ក្រោម​អធិបតីភាព​ឯក ឧត្ដម គតិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ឯកឧត្ដម កែន សុត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត កែប​ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក​-​លោកស្រី​ជា​ថ្នាក់ដឹកនាំ​និង សមា​ជីក ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ជួយ​ខេត្តកំពត​និង​ខេត្ត​កែប​និង​សមា​ជីក ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ ក្រុង ស្រុក និង​មន្ទីរ អង្គភាព ក្នុង​ខេត្ត ទាំងពីរ​កំពត និង​កែប​ផងដែរ​។

ឯកឧត្ដមឧកញ៉ា កុក អាន ដែលជា​ម្ចាស់​គម្រោង​វិ​នី​យោគ​អោយដឹងថា​៖ គម្រោង​វិនិយោគ​នេះ​គឺ គោលបំណង​ដើម្បី​ធ្វើ​និរន្ត​ភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប​និង​មួយចំណែក​នៅ​ស្រុក​ទឹកឈូ​នៃ​ខេត្តកំពត​។ ក្រុម​ហ៊ុន​បានសម្រេច​យក​ប្រភពទឹក​ពី​ទំនប់ទឹក​ប្រទាក់ក្រឡា​ដែលមាន​ទីតាំង​ផលិតកម្ម​នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ហើយ​បញ្ជូន​ទឹកស្អាត​ទៅ​ក្រុងកែប មាន​ប្រវែង​ឆ្ងាយ ដែល​ត្រូវ​ចំណាយ​ទន់វិនិយោគ​សរុប​ប្រមាណ ១០​លាន​ដុល្លារ​អាចមាន​សមត្ថភាព​ផលិត​បាន​ចំណុះ ២០.០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ការសាងសង់​រោងចក្រ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែធ្នូ​២០១៩​នេះ ហើយ​ទឹកស្អាត​នឹងត្រូវ​ចែកចាយ​ជូន​ពលរដ្ឋ​តាម​តម្រូវការ​ប្រើប្រាស់​ក្នុងតម្លៃ​ចាប់ពី ១.៨០០ ដល់ ​២.០០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប ខណៈដែល​ប្រជាពលរដ្ឋ​នៅ​ក្រុងកែប ជាពិសេស​អ្នកលក់ដូរ​នៅតាម​មាត់សមុទ្រ កំពុង​ទិញ​ទឹក​ឆៅ​ដឹក​តាម​រថយន្ត​ក្នុង​១​ម៉ែត្រគូបតម្លៃ ១៥.០០០​រៀល​។

មានប្រសាសន៍ ក្នុងឱកាស​នោះ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ចម ប្រសិទ្ធ​ បានអោយដឹងថា​៖ រាជរដ្ឋាភិបាល​អាណ​ត្ត​ទី​៦​ក្រោម​ការដឹកនាំ របស់​សម្ដេចតេ​ជោ ហ៊ុន សែន នៅតែ​ចាត់ទុកថា វិស័យ​ទឹកស្អាត ជា​វិស័យ​អាទិភាព​ក្នុង​វិស័យ​ទាំង​បួន រួមមាន ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស។ ផ្តើមចេញពី​អាទិភាព​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ទស្សនវិស័យ សម្រាប់​វិស័យ​ទឹកស្អាត​គឺ ៖ «​ប្រជាជន​រស់នៅ​ទីប្រជុំជន​គ្រប់រូប ត្រូវ​ទទួលបាន​ទឹកស្អាត ដែលមាន​គុណភាព​ល្អ តម្លៃ​សមរម្យ និង​មាន​ចីរភាព នៅត្រឹម​ឆ្នាំ​២០២៥ ១០០% ក្នុងនោះ ៩០%​ទទួល​ទឹកស្អាត​តាម​បំពង់ និង​១០% ពី​ប្រភព​ផ្សេងៗ​»​។​

ឯកឧត្តមបាន​បន្តថា ដោយឡែក​ទី​រួម​ខេត្ត​កែប​គឺជា​តំបន់​មួយ​មិនទាន់មាន​ការផ្គត់ផ្គង់​ទឹកស្អាត​នៅឡើយ​ទេ​បច្ចុប្បន្ន​នៅ​ខេត្ត​កែប​មាន​ប្រតិ​ប​ត្ត​ករ​ឯកជន​តែ ១​កន្លែង​ប៉ុណ្ណោះ ។ ដូច្នេះ​ចំពោះ​ការបើក​ការដ្ឋាន​សាងសង់​រោងចក្រ​ទឹកស្អាត​នាពេលនេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នក​ខេត្ត​កែប ដែល​នឹងមាន​ទឹកស្អាត​ប្រើប្រាស់ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ពេល​ក្រុមហ៊ុន​សាងសង់​រួច​។

​ឯកឧត្តម បាន​បញ្ជាក់ថា ទឹកស្អាត​នឹង​បម្រើ​ដល់​សកម្មភាព​អាជីវកម្ម ភោ​ជនី​ដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ រោងចក្រ​ឧស្សាហកម្ម និង​សេវា​ផ្សេងៗ​ក្នុង​ខេត្ត​កែប​ទាំងមូល​។ ដូចនេះ ការអភិវឌ្ឍ​ទឹកស្អាត​ដែល​ធ្វើ​ពិធីបើកការដ្ឋាន​សាងសង់​ពេលនេះ​គឺ ជាការ​រួមចំណែក យ៉ាង​ធំធេង ក្នុងការ​បម្រើ​ជូន​សេចក្ដីត្រូវការ របស់​ប្រជាពលរដ្ឋ ក៏​ពិសេស​ការទាក់ទាញ​ភ្ញៀវទេសចរ​អោយមក​កម្សាន្ត​ខេត្ត​កែប​កាន់តែ​ច្រើនឡើង​ថែមទៀត​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​