ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និង ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ ដែលត្រូវបានតម្លើងនៅរោងចក្រផលិតទឹកស្អាតនៅខេត្តបាត់ដំបង និងផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ “ផែនការវិនិយោគថ្នាក់ខេត្តសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា”។
ឯកឧត្តម ឯកអគ្គរាជទូត Kang បានទៅទស្សនារោងចក្រនៅខេត្តបាត់ដំបងកាលពីខែកញ្ញា ហើយមានសេចក្តីរីករាយដែលមើលឃើញបច្ចេកវិទ្យាសម្អាតទឹករបស់អូស្ត្រាលី ត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រព័ន្ធសម្អាតទឹកនេះ ប្រើប្រាស់បច្ចេកវិទ្យា យូអេហ្វ (UF) និង អាងស្តុកទឹក ដើម្បីចែកចាយទឹកស្អាត និងសុវត្ថិភាពចំណុះ ១២០ ០០០លីត្រ ក្នុងមួយថ្ងៃ ដល់ប្រជាពលរដ្ឋប្រមាណ ៥ ០០០ នាក់នៅក្នុងភូមិចំនួន ១២ ក្នុងឃុំព្រែកជីក ខេត្តបាត់ដំបង។
កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់ប្រទេសអូស្ត្រាលី ដែលមានទឹកប្រាក់វិនិយោគសរុប ៤៩,៤ លានដុល្លារអូស្ត្រាលី បានសហការជាមួយសមាគមទឹកអូស្ត្រាលី (AWA) និងសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) ដើម្បីនាំយកបច្ចេកវិទ្យាចម្រោះទឹកស្អាតនេះមកប្រទេសកម្ពុជា។
ក្រុមហ៊ុន DuPont Australia ផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាភ្នាស យូអេហ្វ ហើយ ក្រុមហ៊ុន Tiger Water Solutions ផ្គត់ផ្គង់អាងស្តុកទឹកដែកគ្មានច្រេះ ដែលមានចំណុះ ១០០ ០០០លីត្រ។ ក្រុមហ៊ុនអូស្ត្រាលីទាំងពីរ ចាប់ដៃគូជាមួយប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដែលមានឈ្មោះថា “WE Venture” ក្នុងការរៀបចំប្រព័ន្ធបណ្តាញចម្រោះនេះឡើង។
បច្ចេកវិទ្យានេះប្រើប្រាស់សារធាតុគីមីតិចជាងវិធីសាស្ត្រចម្រោះទឹកស្អាត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ហើយវាកាត់បន្ថយការចំណាយលើប្រតិបត្តិការ និងផលប៉ះពាល់បរិស្ថាន ដែលផ្តល់ជម្រើសថ្មីសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត ដែលកំពុងតែមានការវិវត្តន៍ទៅមុខ។
តាមរយៈ 3i អូស្ត្រាលីបានគាំទ្រក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការសិក្សាការផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា “PIP” ដែលចង្អុលបង្ហាញការគ្របដណ្តប់នៃទឹកស្អាតតាមបំពង់នៅលើផែនទី នៅទូទាំង ២២ ខេត្ត។ ការសិក្សានេះ បានរកឃើញថា ប្រមាណជា ៥០ ភាគរយនៃភូមិសរុបនៅកម្ពុជា ត្រូវបានតភ្ជាប់ទៅបណ្តាញទឹកស្អាតតាមបំពង់ ហើយកម្ពុជាត្រូវការយ៉ាងតិចថវិកាប្រមាណជា ១៥០ លានដុល្លារដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែកចាយទឹកស្អាតដល់ភូមិផ្សេងទៀត ដែលសមស្របសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់។ លទ្ធផលនៃការស្រាវជ្រាវនេះ ក៏ជាមធ្យោបាយ ឬឧបករណ៍គោលនយោបាយនានាដើម្បីប្រមូលហិរញ្ញប្បទានដល់ការវិនិយោគនោះប្រកបដោយប្រសិទ្ធភាពផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូត Kang មានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទកភាពណាស់ ដែលឃើញក្រុមហ៊ុនអូស្ត្រាលីនាំយកបច្ចេកវិទ្យាផលិតទឹកស្អាតប្រកបដោយសុវត្ថិភាព និង ល្អសម្រាប់បរិស្ថាន មកកាន់ប្រទេសកម្ពុជា”។ “យើងសង្ឃឹមថា ការសិក្សាស្រាវជ្រាវ PIP នេះ ក៏នឹងផ្តល់នូវផែនទីបង្ហាញផ្លូវ និងឧបករណ៍គោលនយោបាយដ៏មានប្រយោជន៍សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់គ្នានៅត្រឹមឆ្នាំ ២០៣០”។
ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាន៍នៅក្នុងពិធីដាក់ឱ្យដំណើរការនេះថា “កម្មវិធីថ្ងៃនេះបានបង្ហាញអំពីបច្ចេកវិទ្យាកំពុងត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា”។ ទាក់ទងទៅនឹងរបាយការណ៍ PIP ឯកឧត្តម មានប្រសាសន៍បន្តថា “កិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយកម្មវិធី3iដែលបានគាំទ្រដល់ការសិក្សាផែនការវិនិយោគតាមបណ្តាខេត្ត (PIP) គឺជាត្រីវិស័យដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកស្អាត។” 3i ក៏កំពុងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង និងមន្ទីរទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ស្តីពីការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដើម្បីអាចអនុវត្ត ផែនការវិនិយោគថ្នាក់ខេត្តសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
តាមរយៈ គម្រោង3i អូស្ត្រាលីបាននិងកំពុងតែធ្វើការជាមួយប្រតិបត្តិករទឹកស្អាតឯកជន ចំនួន ៨០ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់ទឹកស្អាតតាមបំពង់ដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងជួយឱ្យប្រជាជនកម្ពុជា ជាងមួយលាននាក់ ទទួលបានទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់។
ទំនាក់ទំនងព័ត៌មាន៖ Media.Cambodia@dfat.gov.au