ធ្វើ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត​

កាលពី​រសៀល​ថ្ងៃទី ០២​ខែតុលា​ឆ្នាំ ២០១៩ នៅ​សាលាខេត្ត បានធ្វើ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត ក្រោម​អធិបតីភាព​ឯកឧត្ដម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​។

យោងតាម​ប្រកាស​របស់​ក្រសួងសុខាភិបាល ត្រូវបានតែងតាំង​លោក​វេជ្ជបណ្ឌិត មិន ជាតិ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ដើមខ្សែ​ថ្នាក់​លេខ​១​ពី​នាយករង​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត អោយ​កាន់តំណែង​ជា​នាយ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត​។

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម ជាវ តា​យ អភិបាល ខេត្ត និង​ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការ ក្រសួង សុខាភិបាល បាន​ថ្លែង​ការកោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ​ដែល​គណៈ​គ្រប់គ្រង​សាស្ត្រាចារ្យ និង​មន្ត្រី គ្រប់​ជាន់ថ្នាក់ នៃ​សាលា​មធ្យមសិក្សា​សុ ខា​ភិ​បាល ភូមិភាគ​កំពត​សម្រេចបាន​នា​រយៈពេល​កន្លងមក​តែង​បាន​បំពេញ​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន ក្នុង​ការផ្ដល់​ចំណេះដឹង​បទពិសោធន៍​និង វិជ្ជាជីវៈ​ខាង​ផ្នែក​សុខាភិបាល​ដល់ និស្សិត បាន​យ៉ាង​ល្អប្រសើរ​។

ឯកឧត្ដម ជាវ តា​យ និង ឯកឧត្ដម ធា គ្រុយ បាន​ចាត់ការ​ប្រកាស​អោយចូល​កាន់​មុខតំណែង​របស់​នាយក​សា​លា​មធ្យមសិក្សា​សុ ខា​ភិ​បាល ភូមិភាគ​កំពត​ពេលនេះ​គឺជា​ការងារ​ធម្មតា​រប​ស់​មន្ត្រី​មុខងារសាធារណៈ​រាជការ ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ សមត្ថភាព បទពិសោធន៍ ការងារ​ទៅតាម​តម្រូវការ​ចាំបាច់​របស់​ស្ថាប័នរដ្ឋ ក៏ដូចជា​ការផ្ដល់​ទំនុកចិត្ត របស់​ថ្នាក់លើ​ផ្នែក​ពាក់ព័ន្ធ សំដៅ​ធ្វើអោយ​ប្រព័ន្ធ​ការងារ​គ្រប់គ្រង​កាន់តែ​ប្រសើរឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​ក្នុងឱកាស​នោះ ឯកឧត្ដម​គណៈអធិបតី​ក៏បាន​ផ្ដាំផ្ញើ​ដល់​គណៈ​គ្រប់គ្រង​សាលា សាស្ត្រាចារ្យ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពត ពិសេស​លោកវេជ្ជបណ្ឌិត មិន ជាតិ ដែល​ទើបតែ​ទទួល​នា​ន​ការ​តែង​តាំង​​មុខតំណែង​ថ្មី​ជា​នាយក​សាលា​ត្រូវ​បង្កើន​ឆន្ទៈ​ច្បាស់លាស់ ម៉ឺងម៉ាត់ និង​បន្ត​ការខិតខំ់​ទំនាក់ទំនង​សហការ​ជាមួយ​បណ្ដា​មន្ទីរ អង្គភាព និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត ពិសេស​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​សាលា សំដៅ​ធ្វើ​អោយ​​លទ្ធផល​នៃ​ការងារ​បណ្ដុះបណ្ដាល​កាន់តែ​រីកចម្រើន​ប្រសើរឡើង ផ្នែក​ធនធានមនុស្ស​លើ​វិស័យ​សុខាភិបាល​កាន់តែ​រីកចម្រើន​ប្រសើរឡើង​ថែមទៀត​៕
​អត្ថ​ប​ទៈ​លោក សាយ យាវ​