អភិបាល​ខេត្តកំពត​ជម្រុញ​លើ​ការងារ​រៀបចំ​សោភ័ណភាព​អនាម័យ​បរិស្ថាន​ក្រុង​កំពត​ដើម្បី​ត្រៀម​អបអរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៩​មកដល់​ខាងមុខនេះ​

ភ្ជាប់​ជាមួយនឹង​ការប្រកាស​សមាសភាព​គ​ណៈ​កម្ម​ការរៀបចំ​បុណ្យ​សមុទ្រ​ដែល​ខេត្តកំពត​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៩​ខាងមុខនេះ​។ ​ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​មានមតិ​ណែនាំ​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​អាជ្ញាធរ​ក្រុង ស្រុក​ទាំងអស់​អោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ត្រូវ​បង្កើន​ការចូលរួម​អោយបាន​ព្រម​គ្នា​ទាំងអស់ ពាក់ព័ន្ធ​លើ​បញ្ហា​ការងារ​រៀបចំ​សោភ័ណភាព​អនាម័យ​ សំអាត​បរិស្ថាន​ក្រុង​កំពត​ ដើម្បី​ត្រៀម​រៀបចំ​អបអរ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២ ​លើក​ទី​៨ ​ឆ្នាំ​២០១៩ ​ដែល​ខេត្តកំពត​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​អោយទទួល​បានការ​គាំទ្រ​ និង​លទ្ធផល​ជោគជ័យ​។​

ការ​ក្រើនរំលឹក​ណែនាំ​ដូចនេះ​របស់​ឯកឧត្តម ​ជាវ តា​យ គឺ​នៅ​ក្នុងឱកាស​ឯកឧត្តម​អភិបាលខេត្ត​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែសីហា​ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ជា​សមាជិក​អង្គប្រជុំ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​លោក​-​លោកស្រី​ជា​អភិបាលរង​ខេត្ត​និង​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គភាព​កម្លាំង​កងឯកភាព​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រមទាំង​អាជ្ញាធរ​ក្រុង ស្រុក​សរុប​ប្រមាណ​ចំនួន​៧២​នាក់​។​

​ឯកឧត្ដម​ ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​អោយដឹងថា​៖​ពាក់ព័ន្ធ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ដែល​ខេត្តកំពត​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​២០១៩ ​នេះ​គឺមាន​ពេលវេលា​កាន់តែ​ខើច​ទៅៗ​នៅសល់​រយៈពេល​ខ្លី​ចាប់ពី​ខែ​៩​នេះ​ទៅ​។​ ​ដូច្នេះ​ដើម្បីអោយ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៩​នៅ​ខេត្តកំពត​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន​និង​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ជោគជ័យ​ថែមទៀត​ជាង​បណ្ដា​​ឆ្នាំ​កន្លងទៅ​ក៏​ដូច​នៅតាម​បណ្ដា​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន​នោះ​។

ជាការ​ចាំបាច់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​នីមួយៗ​ត្រូវតែមាន​ការយកចិត្ត​ទុកដាក់​ទាំងអស់គ្នា​ក្នុងការ​រៀបចំ​បណ្ដើរៗ​ធ្វើយ៉ាងណា​អោយមាន​សោភ័ណភាព​តាម​មន្ទីរ​អង្គភាពនីមួយៗ ដែល​នៅក្នុង​ក្រុង​។​ ​ឯកឧត្ដម អភិបាលខេត្ត​ក៏បាន​បញ្ជាក់ថា តាមរយៈ​ការសង្កេតនៅតាម​បណ្ដា​មន្ទីរ អង្គភាពនីមួយៗ​ក្នុង​ខេត្ត​ នៅ​មិនទាន់បាន​អុ​វត្ត​ព្រម​គ្នា​នៅឡើយ​ហើយ​ក៏មាន​ភាពមិន​ទាន់​ល្អ​ស្អាត​នៅឡើយ​ដែរ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ដូចនេះ ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​ដាក់​ជា​សំណូមពរ​ក៏ដូចជា​ផែនការ​ណែនាំ​ជា​ចាំបាច់ អោយ​មន្ទីរ​អង្គភាព អាជ្ញាធរ រួម​និង​ប្រជាពលរដ្ឋ​ត្រូវតែ​ចូលរួម​ចលនា​អោយបាន​ផុលផុស​មាន​ជា​សកម្មភាព​និង​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​សស្រាក់សស្រាំ​ទាំងអស់គ្នា​ដោយ​យកចិត្តទុកដាក់​ពី​បញ្ហា អនាម័យ​សោភ័ណភាព បរិស្ថាន​តាម​ដងផ្លូវ​ឬ បរិវេណ​ជុំវិញ​មន្ទីរ​អង្គភាព​សួន​សាធារណៈ​និង​លំនៅដ្ឋាន​ប្រ​ជា​ពល​រដ្ឋ ក្នុង​ក្រុង​កំពត​ជា​បន្ត​បន្ទាប់ពី​ពេល​ឥឡូវនេះ​តទៅ កុំ​រងចាំ​ដល់​ថ្ងៃ​ឬ​ពេលមកដល់​ហើយ​លើក​ហេតុផល​ថា​គៀក​ពេល​ពេក​នោះ​។

ប៉ុន្តែ​ទោះបីយ៉ាងណា​ជាមួយ​ឱកាស​នោះ​ឯកឧត្ដម ជាវ តា​យ​ អភិបាល ខេត្ត ក៏បាន​លើក​ការសរសើរ ដល់​មន្ទីរ អង្គភាព មួយចំនួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​បាន​ជម្រុញអោយមាន​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ទាំងអស់​គ្នា​ដើម្បី​ធ្វើយ៉ាងណា​ធ្វើអោយ​ខេត្តកំពត​មានការ​ទទួល​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរណ៍​នៅពេល​ខាងមុខ​កាន់តែច្រើន​ឡើងៗ​។ ឯកឧត្ដម ​ជាវ តា​យ អភិបាល​ខេត្ត​​ក៏បាន​លើក​អោយដឹងពី​ភាពប្រែប្រួល​រីកចម្រើន​ពាក់ព័ន្ធ​អាជីវកម្ម​របស់​ខេត្តកំពត​នាពេល​បច្ចុប្បន្នជាច្រើន​វិស័យ ដូច្នេះឯកឧត្ដមអភិបាលខេត្ត​នៅតែ​ទទូច​បន្ត ទាំង​ថ្នាក់ដឹកនាំ​ម​ន្រី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់លំដាប់​ថ្នាក់​និង​ប្រជាពលរដ្ឋ ត្រូវខិតខំ​រួមគ្នា​ធ្វើអោយបាន​ព្រម​គ្នា​ដើម្បី​គោលដៅ​រួម​ធ្វើអោយ​ខេត្តកំពត​កាន់តែ​ល្អ​ប្រពៃ​ថែមទៀត​។​

​សូមបញ្ជាក់ថា​៖-​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​៖
១-​ពិនិត្យ ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែសីហា​ឆ្នាំ​២០១៩​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
២-​ពិនិត្យ​ពិភាក្សា​លើ​លើ​ការចែង​ចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ខែកក្កដា​ឆ្នាំ​២០១៩​។​
៣-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​ប្រតិទិន​ការងារ​សម្រាប់​ដំណើរ​ការកសាង​ផែនការ​អភិវឌ្ឍ​ខេត្តកំពត​(២០២០-២០២៤)
៤-​បញ្ហា​ផ្សេងៗ​ដោយ​អង្គប្រជុំ​មានការ​ពិនិត្យ ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
​អត្ថ​ប​ទៈ លោក សាយ យាវ​