កាលពីរសៀលថ្ងៃចន្ទ ៩កើត ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី២២ ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះមានសមាជិកចូលរួមពីសំណាក់ លោក-លោកស្រីក្នុងជួរគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈបញ្ជាការកងឯកភាពនៃអង្គភាពកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តកំពតសរុបចំនួន៧៩ នាក់។
កិច្ចប្រជុំបន្ទាប់ពីបានពិនិត្យពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភះ ឆ្នាំ២០២០ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាពរីកចម្រើន ក៏ដូចបញ្ហាប្រឈមនានារបស់បណ្ដាអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព ព្រមទាំងបណ្ដាកងឯកភាពនៃកងកម្លាំង ក្នុងភូមិសាស្ត្រខេត្តកំពតរួចមក។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកបញ្ជាក់ថា ដោយផ្ដើមចេញពីសភាពការណ៍ល្អប្រសើររបស់ប្រទេសជាតិ ក៏ដូចក្នុងខេត្តកំពតទាំងមូល ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានបង្កើតបាននូវ កាលានុវត្តភាព ក្នុងការស្រូបទាញចំណូលផ្នែកសេដ្ឋកិច្ច ធ្វើឲ្យមានកំណើនជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការកើនឡើង នូវទេសចរណ៍ជាតិ-អន្តរជាតិនិងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ជាពិសេសនៅក្នុងខេត្តកំពត ដែលជាខេត្តប្រកបដោយសក្ដានុពលយ៉ាងខ្លាំងក្លា។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានធ្វើការកត់សំគាល់និងបានធ្វើការវាយតម្លៃខ្ពស់ លើចំណុចខ្លាំងមួយចំនួនដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តកន្លងមកយ៉ាងល្អប្រសើរ ព្រមទាំងបានលើកបង្ហាញនូវចំណុចខ្សោយមួយចំនួន ដើម្បីរួមគ្នាធ្វើការកែលម្អនិងដោះស្រាយឱ្យបានជាបន្ទាន់ នូវយន្តការចុះត្រួតពិនិត្យ ផ្សព្វផ្សាយនិងអនុវត្តច្បាប់ព្រមទាំងការចូលរួមសហការពីមជ្ឈដ្ឋាននានា ដែលនៅមានកម្រិត។ ឯកឧត្តម ជាវ តាយ ក៏បានបន្តណែជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញ និងកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានសកម្មខ្លាំងក្លាថែមទៀតនូវតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចឲ្យបានជោគជ័យនិងមានប្រសិទ្ធភាពកាន់តែល្អប្រសើរឡើង។
ពិសេសទៅទៀត គឺការយកចិត្តទុកដាក់អនុវត្តនូវផែនការទិសដៅបន្តដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដាក់ចេញសម្រាប់អនុវត្តដែលក្នុងនោះរួមមាន៖
-ត្រូវរៀបចំផែនការសកម្មភាពច្បាស់លាស់ ក្នុងការចាត់តាំងអនុវត្តការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
-បន្តពង្រឹងពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរជាប់ព្រំដែនដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឲ្យបានល្អប្រសើរ ។
-ពង្រឹងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទទួលខុសត្រូវលើតួនាទីភារកិច្ចនិងត្រៀមសម្ភារៈមធ្យោបាយដើម្បីឆ្លើយតបតម្រូវការការងារប្រចាំថ្ងៃ។
-បន្តប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីគ្រប់គ្រងនិងដោះស្រាយសភាពការណ៍ក្នុងខេត្ត។
-ជម្រុញសកម្មភាពផ្សព្វផ្សាយ និងធ្វើវេទិកាសាធារណៈឱ្យបានទូលំទូលាយ ព្រមទាំងពង្រឹងសកម្មភាពក្រុមប្រជាការពារក្នុងការចូលរួមសហការការពារ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន។
-បន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងប្រមូលទិន្នន័យ លើ សកម្មភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំងអង្គភាព និងបុគ្គលត្រៀមលក្ខណៈក្នុងការវាយតម្លៃលទ្ធផលប្រឡងប្រណាំងតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងមហាផ្ទៃ។
អត្ថបទៈ លោក សាយ យាវ