ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២០

នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ​ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​កុម្ភៈ​ឆ្នាំ ២០២០ ក្រោម​កិច្ចដឹកនាំ​អង្គប្រជុំ ឯកឧត្តម ​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​សមាជិក​ចូលរួម​ពី សំណាក់​លោក​-​លោកស្រី អភិបាលរង​ខេត្ត និង​អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អង្គភាព​ចំណុះ​សាលាខេត្ត​សរុប​ចំនួន​ ៧៨នាក់​។​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត បាន​លើក​ក្នុង​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ របស់​គណៈ​អភិបាលខេត្ត គឺ​តែង​ប្រព្រឹត្តទៅ​តែមួយ​ដង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​០១​ខែ ដើម្បី​ជួបប្រជុំ ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ​ដែល​​សម្រេចបាន​ក្នុង​ខែ​កន្លងទៅ ព្រមទាំង​រួមគ្នា​ត្រួតពិនិត្យ​ពិភាក្សា បញ្ហា​ប្រឈម ចំណុច​ខ្វះចន្លោះ​ដែល​នៅ​មិនទាន់បាន​អនុវត្ត​និង​ការដោះស្រាយ។

ដើម្បី​ធ្វើយ៉ាងណា យើង​រួមគ្នា​កែលម្អដោះស្រាយ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ទាន់​ពេល​វេលា ​និង​អនុវត្ត​ឲ្យ​បាន​ចំ​គោលដៅ​មាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​ភាព​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​ក៏​ដូច​ក្នុង​ខេត្តកំពត ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​បម្រើ​ជូន​​ប្រជាជន​នៅក្នុង​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​។

ដូច្នេះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន សំណូមពរ​ជំរុញ​ដល់ អាជ្ញាធរ​ដែល ជា​អភិបាលក្រុង ស្រុក និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រាល់​កិច្ចប្រជុំ​របស់​គណៈ​អភិបាលខេត្ត​ប្រចាំខែ​នីមួយៗ បើ​ពុំមាន​ករណី​ចាំបាច់ ក្នុងការ​អវត្តមាន​នោះ​ទេ សូមឱ្យ​អភិបាលក្រុង-ស្រុក ​និង​ថ្នាក់ដឹកនាំ​មន្ទីរ​ត្រូវមាន​វត្តមាន​ចូលរួម​ប្រជុំ​ឲ្យ​បាន ទៀងទាត់​គ្រប់គ្នា​ជៀសវាង​ការចាត់​ឲ្យ​តំណាង​ចូលរួម ដែលនាំឱ្យ​ធ្វើការ​ពិបាក​នឹង​សម្រេច នៅពេល​ជូ​ប​បញ្ហា​ប្រឈមណាមួយ​ដែល​ត្រូវលើក​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ធ្វើការ​ដោះស្រាយ។ ព្រោះ​បញ្ហា​នៃ​ការដោះស្រាយ​គឺ​យើង​មិនត្រូវ​ទុកឱ្យ​អូសបន្លាយ​ពីមួយ​ខែ​ទៅមួយ​ខែ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បានឡើយ បើ​ធ្វើ​ដូច្នោះ​យើង​មិនអាច​ធ្វើការ​ឆ្លើយតបទៅនឹង​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ និង​​សំ​ណូម​ពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​បានឡើយ​។​

ជាមួយគ្នា​នោះ​ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត​ក៏បាន​សម្ដែង​ការកោតសរសើរ ដល់​អាជ្ញាធរ ក្រុង​ស្រុក និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​ព្រមទាំង​បាន​ជម្រុញ​ណែនាំ​ឱ្យមាន​ការបង្កើន​ការយកចិត្តទុកដាក់​ខិតខំ​អនុវត្ត​នូវ ទិសដៅ​ការ​ងារ និង​ដោះស្រាយ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​សម្រេច​ប្រសើរឡើង​ថែមទៀត​ផងដែរ​។​ ​កិច្ចប្រជុំ​នេះ​បាន​លើក​ជា​របៀប​វារ​សំខាន់ៗ​មួយចំនួន ដើម្បី​ពិនិត្យ​ពិភាក្សា​ធ្វើការ​ដោះស្រាយ​និង​កែលម្អ​ក្នុងទិសដៅ​សម្រេច​ឲ្យ​បាន​លទ្ធ​ផល​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​