ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៩

នៅ​ព្រឹក​ថ្ងៃព្រ​ហស្ប​តិ៍ ០៨​កើត ខែ​បុស្ស ឆ្នាំកុរ ឯក​ស័ក ព.ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី០២ ខែ​មករា​ ឆ្នាំ​២០២០ នៅ​សាលា​ខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែធ្នូ​ឆ្នាំ​២០១៩ ដែល​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ លោក លោកស្រី អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មួយចំនួន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​ក្រុង ស្រុក​ច​ក្នុង​ខេត្ត​។​

កិច្ចប្រជុំ​នេះ​បាន​ផ្ដោតលើរ​បៀ​វារៈ​សំខាន់ៗ​រួមមាន​៖
១-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០១៩​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
២-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង​របាយការណ៍ ប្រចាំឆ្នាំ​២០១៩ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​។​
៣-​ពិនិត្យ​ពិភាក្សា​លើ​ការបែងចែក ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០១៩​។​
៤-​របាយការណ៍​លទ្ធផល​នៃ​ការតាមដាន ត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ត​គម្រោង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​ឆ្នាំ​២០១៩​។​
៥-​ពិនិត្យ​និង​ផ្ដល់យោបល់ លើ​សេច​ក្ដៅ​ព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត (២០២០-២០២០)​។​
៦-​សេចក្ដី​ផ្សេងៗ​និង​ការចូលរួម​មតិ​របស់​សមាជិក​សមា​ជិ​កា​អង្គប្រជុំ​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម ​ជាវ តា​យ ​អភិបាលខេត្ត​បានធ្វើការ​វាយ​ម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាលខេត្ត​កំពត សម្រេចបាននា​រយៈពេល​ពេញ​មួយឆ្នាំ​២០១៩ ដែល​ទើបតែ​ឆ្លង​ផុត​ទៅ​ថ្មីៗ​នេះ។ ដោយ​ឯកឧត្តម​អភិបាលខេត្តបានធ្វើការ​កត់សំគាល់​លើកឡើង ក្នុងនោះ​ក្រៅពី​ការងារ​បង្កបង្កើនផលរបស់​ប្រជាពលរដ្ឋ ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ការងារ​បម្រើសេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​កាន់តែ​រីកចម្រើន​ល្អ​ប្រសើរ​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើង​ផងដែរ​អំពី​ការងារ ថែរក្សា​ការពារ​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម ការការពារ​បានល្អ​ក្នុងព្រឹត្តិការណ៍ នៃ​ពិធីបុណ្យ​ទេសចរ​កម្សាន្ត​ធំៗ រួម​នឹង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ លើក​​ទី​៨​ ជុំ​ទី ២ ដែល​ខេត្តកំពត ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ទទួលបាន ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​ប្រមាណ​ ៩០​នាក់​។

ឯកឧត្តម​ ជាវ តា​យ​ អភិបាលខេត្ត​ក៏បាន​លើកសរសើរ​ផងដែរ​នូវ​ការងារ ការពារ​សន្តិសុខ​និង​បដិសណ្ឋារកិច្ច​ចំពោះ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​សម្ដេច​តេ​ជោ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី សំខាន់ៗ ក្នុង​ខេត្តកំពត​ឆ្នាំ២០១៩ នេះ​មាន​ចំនួន ៥​លើក ក្នុងនោះ​មានការ​ចូលរួម​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត ការចូលរួម​រួម​សម្ភោ​ធ​សមិទ្ធផល​ធំៗ ក្នុង​ខេត្ត​និង​ការចូលរួម​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ ទី​២​ក្នុង​ខេត្ត​កំពត ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ប្រកបដោយ​រលូន​និង​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

ជាមួយ​ឱកាស​នោះ ឯកឧត្តម​ ជាវ តា​យ ​អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ ចំពោះ​សុខសន្តិភាព ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ សម្ដេច​តេ​ជោ ​ហ៊ុន សែន ព្រោះថា ម្លប់​នៃ​សុខសន្តិភាព​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រ​ទេស​ជាតិ ធ្វើឱ្យប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុខដុមរមនា​និង​ធ្វើអោយ​កំណើនសេដ្ឋកិច្ច​ជីវភាព​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរឡើង។ ដូច្នេះ​យើងទាំងអស់គ្នា ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួម​និង​ប្រ​ជា​ពល​រដ្ឋត្រូវតែ​រួម​​សាមគ្គី​គ្នា​ថែរក្សា​ឲ្យ​បាន​ដាច់ខាត​នូវ​តម្លៃ​សុខសន្តិភាព​នេះ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តរៀង​ទៅ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​