ឯកឧត្ដម ជាវ តា​យ ដឹកនាំ​ប្រជុំ​ជំរុញ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និង​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​

នៅ​រសៀល​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​និង​អានា​ម័​យ​បរិស្ថាន​ក្រុង​កំពត​។ កិច្ចប្រជុំ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ ក្រុង​និង​សង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត​។

កិច្ចប្រជុំបាន​ផ្ដោតលើ​ការងារ​សំខាន់ៗ​រួមមាន​ការងារ​រៀបចំកែលំអនូវ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ធ​ផ្លូវ លូបង្ហូរទឹក ភ្លើង​បំភ្លឺតាម​ដងផ្លូវ​សំខាន់ៗ ​និង​បញ្ហា​ការប្រមូល​ទុកដាក់​សម្រាម​អោយបាន​ទាន់ពេលវេលា​រួម​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​សោភ័ណភាព ​និង​អនាម័យ​បរិស្ថាន​ដោយ​ធ្វើយ៉ាងណា​អោយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​ប្រកបដោយ​សុខមាលភាព​សមរម្យ​ ​ក៏ដូចជា​ការធ្វើអោយមាន​ការទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ ដែល​ទីក្រុង​កំពត​ឈាន​ឆ្ពោះទៅ​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​អាស៊ាន ​ពិសេស​ការធ្វើ​ម្ចាស់ផ្ទះ​ជុំ​ទី​២​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ ៨​ចុង ឆ្នាំ​២០១៩​នេះ​។

មានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម ជាវ តា​យ អភិបាលខេត្តបាន​ចាត់ទុក​កិច្ចប្រជុំ​ពេលនេះ ​គឺជា​ការងារ​សំខាន់ ដែល​តម្រូវអោយ​មានកា​រ​ចូលរួម​លើក​ជា​មតិយោបល់ពី​បណ្តាមន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរក្រុង សង្កាត់ នូវ​បញ្ហា​ប្រឈម​នានា នឹង​តម្រូវការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ការងារ​សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និង​អានា​ម័​យបរិស្ថាន ក្នុង​ក្រុង​កំពត​ដើម្បី​រួមគ្នា​ដាក់​ផែនការ​អនុវត្ត​បន្ត​អោយមាន​ប្រសិទ្ធភាព​។ ឯកឧត្ដមអភិបាលខេត្តបាន​បន្ត​ទៀត​ថា​៖​ នៅ​ចំពោះមុខ​នេះ​ខេត្តកំពត​ត្រូវមាន​ភារកិច្ច​ទទួល​នូវ​ការរៀបចំព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួនជា​បន្តបន្ទាប់ ជាពិសេស​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​ នឹង​ឈាន​មកដល់​នៅ​ចុងឆ្នាំ​២០១៩​នេះ​ ដែល​ខេត្តកំពត​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។

ដូច្នេះចាប់ពីពេលនេះ​តទៅ​ទាំង​រដ្ឋបាលខេត្ត និង​ក្រុងកំពត ​ព្រមទាំង​សង្កាត់​ទាំង​៥​ ក៏ដូចជា​មន្ទីរជំនាញ​ក្នុង​ខេត្ត​ត្រូវតែ​បង្កើន​ការចូលរួម​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន ​និង​នៅតាម​មូលដ្ឋាន​របស់ខ្លួន​គ្រប់គ្រង​ដើម្បី​ធ្វើយ៉ាងណា​អោយ​សោភ័ណ្ឌ​ភាព​ក្រុង​កំពត ​ប្រកបដោយ​ភាព​បៃតង​ និង​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ មាន​បរិស្ថាន និង​អនាម័យ​ល្អជា​ប្រចាំ​ ពិសេស​តាម​ដងផ្លូវ​និង​ទី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។

ឯកឧត្ដមអភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​កំពត​និង​ចៅសង្កាត់​ទាំង​៥​រួម​ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ជួយ​ចូលរួម​ជំរុញ​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​មេក្រូ​ក្ដី​ ខិតប័ណ្ណ​ក្ដី​ ដើម្បីអោយ​ប្រជាពលរដ្ឋ​បានទទួល​ការយល់ដឹង ​និង​មានការ​ចូលរួម​ទាំងអស់​គ្នា​ ព្រោះ​ការងារ​រៀបចំ​ក្រុង​ត្រូវ​ទាមទារ​អោយមាន​ការចូល​រួមទាំង​អស់​គ្នា​ ទាំង​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទៅ​ទើប​ការងារ​នេះ​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ជោគជ័យ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​