អភិបាល​ខេត្តកំពត​អនុញ្ញាត​ទទួល​ជួប​ប្រតិភូ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ដើម្បី​សិក្សា​ស្វៃ​ង​យល់​ពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្តកំពត​

នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា​ឆ្នាំ​២០១៩ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បានអនុញ្ញាត​ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ន​សាប់ ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​។ ​កិច្ច​ជំនួប​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ហេដ្ឋារចនាសម្ព័ន្ធ និង​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្តកំពត​។​

មានប្រសាសន៍​នៅក្នុង​ជំនួប​ជាមួយនឹង​គណៈប្រតិភូ​ថៃ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បានលើកឡើង​អោយដឹងថា ខេត្តកំពត​ជា​ខេត្ត​​​មួយ​មា​នស​កត្តា​នុព​ល​ខ្លាំង ទាំង​ផ្នែកកសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍។ បច្ចុប្បន្ន​ខេត្តកំពត ក៏មាន​ក្រុមហ៊ុន​ថៃ​មក​វិនិយោគ​លើ​វិស័យ​​​ឧស្សាហកម្ម​ដែរ ដូចជា​ក្រុមហ៊ុន ខេ​ស៊ី​មិន និង​ក្រុមហ៊ុន​ជីបម៉ុង​ជាដើម​។

ដោយឡែក​សម្រាប់​វិស័យ​ទេសចរណ៍ ដោយ​ខេត្តកំពត​មាន​អំណោយផល​ពី​ធម្មជាតិ រួមមាន​តំបន់​រមណី​ដ្ឋា​ន ប្រវត្តិសាស្ត្រ ក​សិ​ទេសចរណ៍ និង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ចំនួន​១៧​កន្លែង ដែល​អាច​ទាក់ទាញ​ភ្ញៀវ​បាន​ជិត​ពីរលាន​នាក់​នៅក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​នៅក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំងនោះ ទេសចរ​ថៃ​នៅមានកម្រិត​ទាប ហើយ​ទេសចរ​ថៃ​ភាគច្រើន​ទៅ​កម្សាន្ត​ប្រាសាទ​អង្គ​វត្ត ខេត្តសៀមរាប មិនមាន​ច្រើន​នៅ​តាម​​ខេត្ត​តំបន់ឆ្នេរ​ទេ​។ ចំណុច​សំខាន់​មួយទៀត សេវា​ទេសចរណ៍​នៅក្នុង​ខេត្តកំពត​នៅមានកម្រិត ពិសេស​កន្លែង​ស្នាក់នៅខេត្ត​មិនទាន់​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ច្រើន​នៅឡើយ​ទេ​។​​ឯកឧត្ដម​អភិបាល​ខេត្តកំពត​ក៏បាន​ស្នើ​ឲ្យ​ឯកអគ្គរាជទូត​ថៃ​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ទេសចរ និង​អ្នកវិនិយោគ​ថៃ​ចូលមក​ទស្សនា និង​បណ្តាក់​​ទន់​ក្នុង​ខេត្តកំពត​ឲ្យ​បាន​កាន់តែច្រើន​ដើម្បី​ជាការ​រក្សា​នូវ​ចំណង់មិត្តភាព​និង​ផលប្រយោជន៍​រួម​រវាង​ប្រទេស​និង​ប្រជាជន​ដែលមាន​ភូមិ​ផង​របង​ជាមួយគ្នា​ផង និង​ដើម្បី​រួមចំណែក​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ខេត្តកំពត​ផង​។​ ​ឯកឧត្តម​អភិបាល​ខេត្តកំពត ក៏បាន​បញ្ជាក់ដែរថា ខេ​ត​កំពត​មាន​កំពង់ផែទឹក​ជ្រៅ និង​កំពង់ផែ​កម្រិត​ធ​ម្យ​មចំនួន​បួន ពិសេស​ខេត្តកំពត​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ដែល​បាន​នឹង​កំពុង​សាងសង់ និង​អាចដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩​នេះ​។

កត្តា​ទាំងនេះ​នឹង បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ​ចេញចូល តាមផ្លូវ​ទឹក​រវាង​ប្រទេស​ទាំងបី កម្ពុជា ថៃ និង​វៀតណាម ។​
​ឆ្លើយតប​នឹង​ការស្នើសុំ​ខាងលើ ឯកឧត្តម ឯកអគ្គរាជទូត​ថៃ ប៉ាន់​យ៉​រ៉ា​ក់ ភូ​ន​សាប់ បាន​មានប្រសាសន៍ថា តំណាង​ឲ្យ​ព្រះរាជាណាចក្រ​ថៃ និង​ប្រជាជន​ថៃ ឯកឧត្តមទទួលយក​សំណើរ និង​ខិតខំ​ជួយ​ផ្សព្វផ្សាយជំរុញ​ដល់​ទេសចរ​ថៃ និង​វិនិយោគ​គិ​ន​ថៃ​ងា​កមក​សិក្សាស្វែងយល់ និង​សំឡឹង​មើល​ឱកាស​វិ​ន​យោគ​ក្នុង​ទឹកដី​នៃ​ខេ​ត​កំពត​ឲ្យ​បាន​ផុលផុស​និង​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ​ជាវ តា​យ ​អភិបាលខេត្ត​ដែល​បាន​ផ្ដល់​​ឱកាស​​ដល់​ប្រតិភូ​ថៃ​បាន​សិក្សា​ស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច​ក្នុង​ខេត្តកំពត​ផងដែរ​៕
​រូបភាព អត្ថ​ប​ទៈ លោក សាយ យាវ​