នៅក្នុងឱកាសចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត” ដែលរៀបចំធ្វើឡើងនៅបរិវេណសួនច្បាររូបសំណាកព្រះបាទអង្គ មាត់ព្រែកកំពត សិស្សនុសិស្ស និងតំណាងបុគ្គិកធនាគារ បានលើកឡើងថា ពួកគាត់រីករាយ និងតែងតែបានចូលរួមជាមួយមន្ទីរបរិស្ថានរាល់កម្មវិធី ទាំងសម្អាតអនាម័យ និងកម្មវិធីដាំដើមឈើជាដើម ព្រោះពួកគាត់យល់ថា បរិស្ថានស្អាត បរិស្ថានបៃតង គឺធ្វើឲ្យជីវិតសត្វ និងមនុស្សល្អប្រសើរឡើង ទាំងលើផ្នែកសុខភាព និងសេដ្ឋកិច្ច។ ពួកគាត់ស្នើសុំឲ្យអ្នកពាក់ព័ន្ធ ពិសេសភ្ញៀវទេសចរដែលមកលេងខេត្តកំពត សូមចូលរួមសម្អាត និងការទុកដាក់សំរាម និងសំណល់ផ្សេងៗ មានថង់ប្លាស្ទិកជាដើមនោះ ឲ្យបានល្អប្រើសើរបន្ថែមទៀត។
ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពត លោក ផាត់ តេង បានបញ្ជាក់ថា ចាប់តាំងពីក្រសួងបរិស្ថានបានបើកយុទ្ធនាការចំនួនពីរ ទី១យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ” និងទី២ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នៅខេត្តកំពតកាន់តែមានអនាម័យបរិស្ថានស្អាតជាមុន ដោយសារមានពលរដ្ឋចូលរួមក្នុងយុទ្ធនាការយ៉ាងផុសផុល។នៅក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត និង លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តបានជំរុញលើកទឹកចិត្ត ដល់ពលរដ្ឋ អាជិវករ ម្ចាស់កន្លែងផ្តល់សេវាទេសចរណ៍ទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន ដោយត្រូវចូលរួមសម្អាត និងទុកដាក់សំរាម និងសំណល់រឹង រាវ ពិសេសប្លាស្ទិក ឲ្យបានត្រឹមត្រូវ ដើម្បីលើកមុខមាត់ខេត្ត ពិសេសដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ដែលឯកឧត្តមអភិបាលខេត្ត លោកបាននិងកំពុងខិតខំប្រឹងប្រែង បង្កើតកន្លែងកម្សាន្តជាច្រើន ក្នុងបំណងទាញយកប្រាក់ចំណូលជូនពលរដ្ឋ តាមរយៈការស្រូបទាញយកភ្ញៀវទេសចរឲ្យបានកាន់តែច្រើន។ លោកអភិបាលរងខេត្ត និងប្រធានមន្ទីរ ក៏បានស្នើដល់ អ្នកពាក់ព័ន្ធ និងពលរដ្ឋគ្រប់រូប ចូលរួមដាំដើមឈើឲ្យបានច្រើននៅតាមលំនៅឋាន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីបានជាម្លប់ ជាទីជម្រក និងជួយការពារប្រព័ន្ធអេកូឡូស៊ី និងការប្រែប្រួលអាកាសធាតុ៕
0 Comments