Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទណែនាំដល់មន្ត្រីជំនាញ និងក្រុមហ៊ុនម៉ៅការ ត្រូវសាងសង់ផ្លូវឱ្យមានគុណភាព និងជាប់ធនបានយូរ

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ មន្រ្ដីបច្ចេកទេសក្រសួង មន្ទីរ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះទៅត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់២ខ្សែនៅស្រុកជុំគីរី។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ  លោក ហ៊ សារិន បានឱ្យដឹងថា ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ទី១ មានប្រវែង ៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៤១ ត្រង់ចំណុចខ្លោងទ្វារវត្តទួលផ្ចិក ភូមិកំណប់ ឃុំស្រែចែង ទៅភ្ជាប់នឹងផ្លូវជាតិលេខ៤៣ ត្រង់ចំណុចភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ហៅកាត់ថា (CFVAC) ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់ធានាគារអភិវឌ្ឍន៍អាស៊ី  និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ការដ្ឋាននេះ បានចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាន ៣៥%ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ។ 

ចំណែកការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត គឺជាគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣  ដោយតភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែន ស្រុកឈូក ខេត្តកំពត មានប្រវែង ១៩គីឡូម៉ែត្រ។ ការដ្ឋានបានចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២២  រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៥០% ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។


ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លើកទឹកចិត្ត និងណែនាំដល់មន្ត្រីជំនាញ និងក្រុមហ៊ុនទទួលការសាងសង់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងស្ថាបនាផ្លូវទាំងពីរខ្សែ ឱ្យបានត្រូវតាមលក្ខណៈបទដ្ឋាន បច្ចេកទេស ដើម្បីធានាដល់ភាពជាប់ធនបានយូរ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។


នៅក្នុងដំណើរអញ្ជើញត្រួតពិនិត្យការដ្ឋាស្ថានបនាផ្លូវកៅស៊ូនោះដែរ  ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានចូលទៅជួបសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាសហគមន៍កសិកររុងរឿង និងបានលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យខិតខំប្រឹងប្រែងបង្កើនសកម្មភាពបង្កបង្កើតផល ពង្រីកផ្ទៃដីដាំដុះ បង្កើនផលិតផលកសិកម្មឱ្យបានច្រើនមុខ ពិសេសត្រូវចេះស្វែងរកទីផ្សារឱ្យកាន់តែល្អ ព្រោះនៅពេលដែលផ្លូវកៅស៊ូទាំងពីរខ្សែខាងលើធ្វើរួច វានឹងតភ្ជាប់លំហូរនៃការដោះដូរកសិផលនៅក្នុងស្រុកឈូក និងស្រុកជុំគីរី ឱ្យកាន់តែប្រសើរ និងសកម្មជាងមុន៕

អត្ថបទ៖ AKP កំពត

Post a Comment

0 Comments