សមត្ថកិច្ចស្រុកកំពង់ត្រាចបានអោយដឹងក្នុងកម្មវិធី “សន្ទនាមតិ” នៅថ្ងៃសុក្រនេះថា ជនប្រព្រឹត្តិបទល្មើសគ្រឿងញៀនដែលបង្ក្រាបនៅស្រុកកំពង់ត្រាចកន្លងមក ពុំត្រូវបានដោះលែងវិញឡើយ ពោលគឺសមត្ថកិច្ចស្រុកបានបញ្ជូនទាំងមនុស្ស និងវត្ថុតាងទៅកាន់ថ្នាក់លើ ដើម្បីចាត់ការបន្ត។ លោក ស៊ឹម នៅ អធិការរងស្រុកកំពងត្រាច ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ថា គ្រប់ករណីបទល្មើសគ្រឿងញៀនដែលសមត្ថកិច្ចស្រុកបង្ក្រាបបាន សុទ្ធតែត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីមានចំណាត់ការបន្ត។ លោកថាការសម្រេចដោះលែង ឬមិនដោះលែងគឺជាសមត្ថកិច្ចរបស់តុលាការ និងថ្នាក់លើ។ ដោយឡែកថ្នាក់ស្រុកគ្មានសិទ្ធិសម្រេចដោះលែងវិញឡើយ។
ខ្ញុំសូមជំរាបជូនថាក្រោយពីកំលាំងជំនាញបង្ក្រាបបាន ចុះចាប់មុខសញ្ញាប្រើប្រាស់ ឬជួញដូរ កំលាំងអធិការដ្ឋានតែងតែធ្វើសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពត ប៉ុន្តែលែងឬមិនលែងវាអាស្រ័យលើលោកស្នងការ ឬព្រះរាជអាជ្ញាធរ តែចំណែកស្រុកយើងនេះ យើងមិនអាចឆ្លើយថាលែងដោយសារមូលហេតុអ្វី យើងក៏អត់បានដឹងដែរ។
ការលើកឡើងបែបនេះគឺដើម្បីឆ្លើយតបចំពោះប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកកំពង់ត្រាចដែលបាននិយាយថា ជនដែលប្រព្រឹត្តិបទល្មើសគ្រឿងញៀន គឺជាមុខសញ្ញាដដែល ដែលធ្លាប់ត្រូវបានសមត្ថកិច្ចបង្ក្រាប។ពួកគាត់ចង់អោយដាក់ទោសទៅលើជនទាំងនៅអោយបានតឹងរឹង ទើបអាចទប់ស្កាត់បញ្ហានេះបាន។
ប៉ូលីសចាប់ទៅចឹងបានប៉ុន្មានលែងមកវិញ អាហ្នឹងទាន់តែចាប់វាដាក់គុកវាអោយយូរបន្តិចទៅ។ ចាប់ទៅលែងមកវិញ ចឹងធ្វើមិចទៅ?អាចឹងនៅតែមានចឹងវាមិនអស់ទេ។
អត្ថបទៈ លោក តារា