ប្រជាពលរដ្ឋនៅស្រុកទឹកឈូ ខេត្តកំពត មានការមិនសប្បាយចិត្តចំពោះក្រុមហ៊ុនរថយន្តធំៗ ថាក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៍ដីលក់មួយចំនួនធ្វើឲ្យខូចផ្លូវ និងដីហុយប៉ះពាល់ដល់សុខភាពរបស់អ្នកស្រុក។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឈៀក ជាប្រជាពលរដ្ឋ និងជាប្រិយមិត្តចូលរួមក្នុងកម្មវិធី ”សន្ទនាមតិ” របស់វិទ្យុជាតិ ៩មករា កាលពីថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩នេះថា “ចំពោះថវិការរបស់ឃុំសង្កាត់នីមួយៗគឺមិនមានជាកញ្ចប់សម្រាប់ចំណាយទៅលើការទិញទឹកសម្រាប់ស្រោចលើដងផ្លូវនោះទេ តែលោកក៏សុំឲ្យអាជ្ញាធរនៅតាមមូលលដ្ឋានត្រួតពិនិត្យទៅលើរថយន្តដែលដឹក ដីនៅលើផ្លូវលំ។”
ឯអ្នកស្រី ពៅ ជាប្រជាពលរដ្ឋ និងជាប្រិយមិត្តចូលរួមក្នុងកម្មវិធី ”សន្ទនាមតិ” របស់វិទ្យុជាតិ ៩មករា បានលើកឡើងថា “អ្នកស្រីចង់ឲ្យអាជ្ញាធរឃុំពេលដែលធ្វើផ្លូវហើយសុំចាក់គ្រួសល្អៗ ដើម្បីកុំឲ្យហុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងឆាប់ខូចផ្លូវ”។
ចំណែកឯលោក សំភាត ជាប្រិយមិត្តចូលរួមក្នុងកម្មវិធី ”សន្ទនាមតិ” របស់វិទ្យុជាតិ ៩មករា ដែរនោះបាននិយាយថា “មានប្រជាពលរដ្ឋ និងក្រុមហ៊ុនមួយចំនួនបើកបរគ្រឿងចក្រធំៗ ដែលធ្វើឲ្យខូចផ្លូវ ហើយលោកសុំឲ្យអាជ្ញាធរឃុំជួយសំរួលដល់អ្នកដែលមានរថយន្តធំៗ និងក្រុមហ៊ុនឲ្យជួយថែរក្សាផ្លូវទាំងអស់គ្នា“៕
អត្ថបទៈ លោក គ្រិល ស៊ា